Jump to content

ត្រី

ពីWiktionary

( ន. ) សត្វ​វារិជជាត (សត្វ​ទឹក) ក្នុង​ពួក​​សត្វ​មាន​ទ្រនុង​ខ្នង ដក​ដង្ហើម​ដោយ​សារ​ស្រកី, ខ្លះ​មាន​ស្រកា ខ្លះ​ឥត​ស្រកា មាន​ឈ្មោះ​ផ្សេង​ៗ​ច្រើន​ជា​អនេក ។

( ន. ) ឈ្មោះ​កូន​ចត្រង្គ​មួយ​ប្រភេទ សម្រាប់​តម្រៀប​នៅ​ជួរ​មុខ, ម្ខាង​មាន ៨ រួម​ទាំង​ពីរ​ខាង​មាន ១៦ ដែល​សន្មត​ទុក​ជា​សេនា​រេហ៍ពល, វេលា​ចាប់​ផ្ដើម​លេង​ល្បែង​នេះ គេ​តែង​ដើរ ឬ​រុញ​ត្រី​នេះ​មុន​កូន​ឯ​ទៀត​ជា​ដរាប (ម. ព. ចត្រង្គ ផង) ។

សំ. ; បា. ( ប. សំ. ) (ត្រិ; តិ) បី (៣) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ទៀត ដូច​ជា ត្រី​កូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះ​ភ្នំ​មាន​កំពូល ៣ : ភ្នំ​ត្រីកូដ ។ ដែល​មាន​កំពូល ៣ : ប្រាសាទ​ត្រីកូដ ។ ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែល​មាន​ជ្រុង ៣, មាន​មុំ ៣ ឬ​មាន​ងៀង ៣ : រាង​ត្រីកោណ; សណ្ឋាន​ត្រីកោណ, ជា​ត្រីកោណ ។ វេវ. ត្រិយង្ស ។ ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែល​មាន​ចំណែក ៣, ដែល​ចម្រើន​កើន​ឡើង​ដោយ​ចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការ​នុ៎ះ​ឥឡូវ​ចម្រើន​កើន​ឡើង ជា​ត្រីគុណ​ជាង​ពី​ដើម ។ ត្រី​ចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះ​យាន​តូច​មាន​កង់ ៣ មួយ​ប្រភេទ ។ ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើន​តែ​ប្រើ​ក្នុង​កាព្យ) : យើង​សូម​អញ្ជើញ​អស់​ត្រីទស មាន​យស​ស័ក្កិ​សិទ្ធិ​ឫទ្ធិ​តេជះ សូម​ចុះ​ចូល​មក​ដោយ​រូត​រះ ដើម្បី​សំពះ​ព្រះ​ត្រៃរត្ន ។ ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់​បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។ ត្រីធា ន. (សំ.) ភាគ​បី, ខ្ទង់​ឬ​ចំណែក​បី ។ ឈ្មោះ​បរិមាណ​មាន​ខ្ទង់​បី​ផ្នែក​ខាង​គណិត​សាស្ត្រ (ពីជគណិត) ។ ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែល​មាន​ភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺ​ភ្នែក​មែន​ទែន, បញ្ញាចក្ខុ ភ្នែក​គឺ​ប្រាជ្ញា (ប្រាជ្ញា​ទុក​ដូច​ជា​ភ្នែក), ធម្មចក្ខុ ភ្នែក​គឺ​អរិយមគ្គ; លោក​អ្នក​មាន​ភ្នែក​ទាំង ៣ នេះ ហៅ​ថា ត្រីនេត្រ ។ ន. ព្រះ​សិវៈ (ព្រះ​ឥសូរ) ។ ឈ្មោះ​សាស្រ្តា​សម្រាយ​កាព្យ​ពាក្យ ៤ ជា​ច្បាប់​សុភាសិត មាន​ក្នុង​កម្ពុជ​រដ្ឋ​មក​យូរ​ហើយ : សាស្ត្រា​ត្រីនេត្រ ឬ ច្បាប់​ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទី​ប្រជុំ​នៃ​ផ្លូវ​បែក ៣, ផ្លូវ​បែក ៣, ផ្លូវ​ត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែល​មាន​ប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។ ត្រី​ពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិ​មាន ៣ យ៉ាង​គឺ មនុស្ស​សម្បត្តិ ទិព្វសម្បត្តិ, និព្វាន​សម្បត្តិ ។ ត្រី​ភាគ ន. (សំ.) ភាគ​បី, ចំណែក​បី ។ ត្រី​ភាគី គុ. (សំ.) ដែល​មាន​ភាគ​បី, ដែល​មាន​បី​ផ្នែក, ដែល​មាន​គ្នា​បី​ក្រុម : គូស​សញ្ញា​ត្រី​ភាគី ។ ត្រី​មាស ឬ ត្រៃ​មាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បី​ខែ; ប្រជុំ​នៃ​ខែ​បី, ចំនួន​៣​ខែ, ការ​រួម​ចំនួន​ខែ​ត្រឹម​៣ : បញ្ជី​ត្រី​មាស; ភិក្ខុ​សង្ឃ​នៅ​ចាំ​វស្សា​អស់​ត្រី​មាស ។ ត្រី​សព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរ​សំឡេង​ឮ ៣ យ៉ាង”) ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​គ្រឿង​វណ្ណយុត្តិ ( ៊ ) នេះ សម្រាប់​ប្រើ​ដាក់​លើ​អក្សរ ៤ តួ ប, ស, ហ, អ, ឲ្យ​មាន​សំឡេង​ធំ​ជា ប៊, ស៊, ហ៊, អ៊ ដូច​ពាក្យ​ថា ត្បូង​ប៊ុត, ស៊ង​ស្លា, ឮ​ស៊ាន, ស៊ុន​សម្ដី; មិន​ហ៊ាន​ទៅ, ចូល​ហ៊ុន, ស្រែក​ហ៊ោ, ដំណើរ​អ៊‌ីកអ៊ាក, ក្រួច​អ៊‌ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែ​តួ : “ស” កាល​ណា​បើ​មាន​ស្រៈ ឥ ឬ ឦ នៅ​ពី​ខាង​លើ នឹង​ផ្លាស់​រូប​ត្រី​សព្ទ ( ៊ ) នេះ​ចេញ​ដូច​យ៉ាង ស៊ី​បាយ ដូច្នេះ​ជាដើម​វិញ​ក៏​បាន ។ ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះ​អាវុធ​របស់​ឥសូរ គឺ​អាវុធ​មាន​មុខ ៣ ។ គុ. ដែល​មាន​មុខ ៣, ដែល​មាន​កំពូល ៣, ត្រីសូល៍​គាង​ឃ្វាយ ឬ ត្រីសូរ​គាង​ឃ្វាយ (សរសេរ​ជា ត្រីសូល៍ (ត្រីសូ) យ៉ាង​នេះ​ជិត​នឹង​ពាក្យ​ដើម​ជាង ត្រីសូរ) ។