ចុងសម័យអង្គរ
ចុងសម័យអង្គរ ក្រោយពីព្រះបាទជយវរ្ម័នទី៨ចូលទិវង្គតទៅ ស្ថានភាពកម្វុជទេឝធ្លាក់ចុះបន្តិចៗម្ដង ដែលបណ្ដាលមកពី ជំលោះសាសនា ការបែកបាក់ផ្ទៃក្នុង ការគំរាមកំហែងពីប្រទេសជិតខាងរួមមាន ម៉ុងហ្គោល លាវ សៀម ជាដើម។ ដោយហេតុនេះ ចុងអង្គរគឺជាសម័យកាលមួយនៃការធ្លាក់ចុះនៃមហាអំណាចខ្មែរ ចាប់ផ្ដើមក្នុងរាជ្យព្រះបាទស្រីសុរិយោពណ៌ទី២ (ពញាយ៉ាត) ចុះរហូតមក។
បដិវត្តន៍ខ្មែរក្នុងសតវត្សទី១៤
[កែប្រែ]ប្រវត្តិសាស្ត្រខ្មែរ តាមសិលាចារឹក និង ឯកសារប្រវត្តិសាស្ត្រចិនត្រូវបញ្ចប់ក្នុងសម័យនេះ។ ទើបអ្នកប្រវត្តិវិទូបានយកឯកសាររាជពង្សាវតារខ្មែរមកប្រើវិញ ដែលធ្វើអោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរមានលំនាំប្រហាក់ប្រហែលចាប់ពីសម័យនោះ។ វាខុសគ្នាតែកាលបរិច្ឆេទ ទីកន្លែងនិងព្រឹត្តិការណ៍បន្ទាប់បន្សំខ្លះ។
បុព្វហេតុ
[កែប្រែ]ដូចដែលយើង បានឃើញស្រាប់ហើយនៅសតវត្សទី១៣ និង១៤ ប្រទេសខ្មែរយើងជួបប្រទះនូវសង្គ្រាមសាសនា ប្រល័យជីវិតឯង គ្មានពេលទំនេរ ។ គេឃើញថាសង្គ្រាមនេះយកសាសនាជាសំបកក្រៅ។ តាមការពិតជាសង្គ្រាមដណ្ដើមអំណាចគ្នាហើយយកក្រុមវណ្ណៈ និងសាសនាមកធ្វើជាឈ្នាន់។ ដោយពួកគេបញ្ចុះបញ្ចូលអោយប្រជារាស្ត្រទៅស្លាប់ដើម្បីអំណាចនិងបក្សពួកគេ។ វាគឺជាវិបត្តិនយោបាយ សង្គម នយោបាយដែលធ្វើអោយប្រទេសកម្ពុជាចាកឆ្ងាយ ពីអនុត្តរភាពជាមហាអំណាចបន្តិចម្ដងៗរហូតដល់សព្វថ្ងៃ។ ព្រឹត្តិការណ៍នេះត្រូវអ្នកប្រវត្តិវិទូចាត់ទុកថាជាបដិវត្តន៍ទី១នៃសង្គមជាតិខ្មែរ។ ហើយជាបដិវត្តន៍ប្រឆាំងរាជានិយម ដែលប្រជារាស្ត្រខ្មែរយល់ថា ឃោរឃៅ ផ្ដាច់ការ ព្រៃផ្សៃ គ្មានសណ្ដោស ករុណាមេត្តាធម៌ គ្មានទសពិធរាជធម៌ និងគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិ។ មានកត្តាជាច្រើនដែលធ្វើអោយខ្មែរហ៊ានបះបោរប្រឆាំងស្ដេចនិងពួកបរិវារ។[១]
ពុទ្ធសាសនាថេរវាទ
[កែប្រែ]កត្តាដែលធំជាមូលដ្ឋាននៃបដិវត្តន៍គឺពុទ្ធសាសនាថេរវាទ។ ពុទ្ធសាសនាថេរវាទបាននាំមកនូវទ្រឹស្ដី គោលគំនិត និង ទស្សនៈថ្មី ស្ដីពីជោគវាសនា ផលបុណ្យ កម្មពៀរ របស់សត្វម្នាក់មកកាន់កម្ពុជាខុសពីលទ្ធិសាសនាមុនៗ ដែលចាត់ទុកស្ដេចជាអាទិទេព រឺ ពោធិសត្វលោកកេស្វរៈ។ គេលែងអោយតំលៃលើទ្រឹស្ដីទេវរាជនិងពុទ្ធរាជក្នុងព្រហ្មញ្ញ និងពុទ្ធសាសនាមហាយានទៀតហើយ។ តាមទ្រឹស្ដីថេរវាទព្រះពុទ្ធអង្គបានចូលនិព្វានរួចហើយ ដូច្នេះមិនមកកើតជាមនុស្ស ឬជាស្ដេចដូចទ្រឹស្ដីមហាយានទេ។ កាលបើព្រះពុទ្ធកើតជាពោធិសត្វទៀត ក៏មិនដែលកើតជាសញ្ជាតិជាស្ដេចដរាបអចិន្ត្រៃយ៍ឡើយ។ ព្រះមហាក្សត្រនិងមេដឹកនាំក៏មិនមែនជាព្រះបាទធម្មិកដែរ។ ជួនព្រះពោធិសត្វ ចាប់ជាតិជាមនុស្ស សត្វ ទុគ៌ត អ្នកប្រាជ្ញនិងស្ដេចប្រកបដោយធម៌។ល។ ដូច្នេះតាមទស្សនៈរបស់ថេរវាទស្ដេចមិនមែនជាពោធិសត្វ រឺ ក៏អាទិទេពអ្វីឡើយ។ អ្វីដែលគេនិយាយ រឺ ធ្វើមិនមែនល្អត្រឹមត្រូវដូចជាព្រះពុទ្ធដិកានោះទេ។ ស្ដេចក៏ជាមនុស្សធម្មតាដូចមនុស្សលោកដែរ។ ទ្រឹស្ដីថេរវាទពន្យល់ប្រជាជនអោយយល់និងជឿជាក់ថា: អ្វីដែលស្ដេចនិយាយ ដើរតួទាំងប៉ុន្មានសុទ្ធតែការភូតភរបោកប្រាស់ទាំងអស់។ អ្វីទាំងនោះធ្វើដើម្បីអំណាចនិងផលប្រយោជន៍របស់គេប៉ុណ្ណោះ។ ចង់បានន័យថាព្រះពោធិសត្វអាចកើតក្នុងក្រុមគ្រួសារគ្រប់ស្រទាប់វណ្ណៈទាំងអស់។ [២]
សាសនាជាឧបករណ៍នយោបាយ
[កែប្រែ]ដោយយោងលើទ្រឹស្ដីថេរវាទអ្នកបះបោរខ្មែរនៅសតវត្សទី១៤ បានបំបះបំបោរ ធ្វើចលាចលនិងផ្ដួលរំលំរបបរាជានិយម។ ទស្សនៈថេរវាទបាននាំមកនូវទ្រឹស្ដីថ្មីអំពីជីវិតគឺនិយាយអ្វី ដែលយើងអាចមើលឃើញស្រាប់ដែលមាននៅក្នុងសង្គមខុសពីព្រហ្មញ្ញនិងមហាយាន។ ទ្រឹស្ដីនេះវាស្របទៅនឹងស្ថានភាពប្រជាជនខ្មែរកំពុងរងទុក្ខវេទនាស្រាប់ គ្មានក្ដីសង្ឃឹម ក៏នាំគ្នាអនុលោមប្រត្តិបត្តិតាម។ តែពេលនោះពួកអ្នកដណ្ដើមអំណាចឆ្លៀតឱកាសយកព្រះពុទ្ធសាសនាដើម្បីជាឧបករណ៍បំរើនយោបាយរបស់ខ្លួនទៅវិញ។
សំរាប់បំពាក់ស្មារតី
[កែប្រែ]គេបានយកទ្រឹស្ដីរបស់ពុទ្ធសាសនាថេរវាទមកធ្វើជាអាវុធដើម្បីវាយប្រហារស្ដេច។ ដោយសាររងទុក្ខដោយសារស្ដេចជាច្រើនផងទើបធ្វើអោយប្រជានុរាស្ត្រគោរព ពេញចិត្ត ស្រលាញ់ អនុវត្តទ្រឹស្ដីថ្មីរបស់ពុទ្ធសាសនាថេរវាទ។ ដូចនោះទើបគេមានជំនឿថាវាសនាអនាគតរបស់គេស្ថិតនៅលើពុទ្ធសាសនាផ្នែកថេរវាទ។ ដោយមានលក្ខណៈស្របតាមគោលគំនិត ចំណង់របស់ប្រជារាស្ត្រខ្មែរ ប្រកបដោយមេត្តាធម៌ និងសណ្ដោសប្រណីដល់សព្វសត្វគ្រប់វណ្ណៈទាំងអស់ដោយឥតរើសអើងឡើយ។ គេខ្ចីកំលាំងខាងថេរវាទទៅតយុទ្ធនឹងលទ្ធិព្រហ្មញ្ញសាសនា។ វាគឺជាការប្រយុទ្ធនឹងរបបរាជានិយមផ្ដាច់ការ ដែលលទ្ធិព្រហ្មញ្ញជាជន្ទល់របស់ព្រះមហាក្សត្រ។ ការប្រយុទ្ធខាងទ្រឹស្ដីនិងមនោគមនវិជ្ជាវាស្រដៀង នឹងពិភពលោកបច្ចុប្បន្នដែរ ដូចជាលទ្ធិកុម្មុយនិស្តនិងលោកសេរី (សង្គ្រាមត្រជាក់)។ កំលាំងគឺមានលទ្ធភាពអាចរំលំរបបរាជានិយមបាន។
សំរាប់បំបាក់ស្មារតី
[កែប្រែ]ក៏ប៉ុន្តែអ្នកកាន់អំណាចថ្មី ក៏អនុវត្តភាពផ្ដាច់ការដដែលមកលើប្រជារាស្ត្រខ្មែរទៀត។ ដើម្បីវាយបំបាក់ស្មារតីប្រជាជនខ្មែរ ពួកក្រុមព្រះមហាក្សត្រសម័យក្រោយៗបានកែក្រឡៃព្រះពុទ្ធសាសនាថេរវាទបន្តិបន្តួច ក៏ប្រជាជនខ្មែរជឿស៊ប់ដែរ។ វិធីទាំងនោះរួមមានការទេសនាអោយជឿលើពុទ្ធដិកាសរសេរនិពន្ធធ្វើជាសៀវភៅ និងរៀបរាប់អំពីពុទ្ធប្រវត្តិ។ ក្នុងឱកាសនោះអ្នកនិពន្ធបានបញ្ចេញបញ្ចូលខ្លះៗដែលធ្វើជាការគំរាមកំហែងដល់ពុទ្ធសាសនិកជន។ ដល់ពេលយូរៗទៅវាក៏ក្លាយជាការពិតដែលមនុស្សគ្រប់គ្នាត្រូវតែជឿដែលយល់ថាជាពុទ្ធដិកា។ ចំណុចដែលគេយកមកគ្របសង្កត់ខ្មែរអោយភ័យខ្លាចជាទីបំផុតនោះគឺ បាប និង បុណ្យ ស្ថាននរក និង ស្ថានសួគ៌។ ក្នុងនោះប្រាប់ថាអ្នកមាន មន្ត្រី និងស្ដេចសុទ្ធតែអ្នកមានបុណ្យពីជាតិមុន។ ដូច្នេះ យើងមិនត្រូវតូចចិត្តអ្វីឡើយបើសិនជាយើងក្រមិនមានបានដូចគេនោះ។ ពីព្រោះពីជាតិមុនយើងកសាងមិនល្អ។ ហើយបើចង់មានបានដូចគេ យើងត្រូវតែធ្វើបុណ្យពីជាតិនេះហើយដើម្បីសន្សំបុណ្យទៅជាតិក្រោយ។ ទស្សនៈបែបបានជ្រួតជ្រាបក្នុងសង្គមខ្មែរគ្រប់ជំនាន់មិនសេសសល់អ្វីឡើយ។
វិធីបំភ្លេចបច្ចុប្បន្នភាព
[កែប្រែ]ការឃោសនានោះអ្វីដែលគេបំភ្លេចចោលគឺបច្ចុប្បន្នកាល។ បច្ចុប្បន្នកាលហាក់បីដូចជាគ្មានន័យអ្វីទេចំពោះសត្វលោក។ បើយោងតាមការពន្យល់និងជំនឿខ្មែរសត្វលោកកើតនៅបច្ចុប្បន្នកើតមកគ្រាន់តែដើម្បីសោយកម្មផលបុណ្យបាបតែប៉ុណ្ណោះ។ ដើម្បីអោយជាតិខាងមុខបានល្អបានឡើងឋានសួគ៌គេត្រូវសាងបុណ្យអោយបានច្រើន។ ទស្សនៈបែបនេះធ្វើអោយខ្មែរលែងរស់នៅក្នុងជីវិតបច្ចុប្បន្នបែរជាគិតថានេះជាកម្មអតីតរបស់ខ្លួនទៅវិញ។ ប្រសិនជាចង់រើបំរះ ប្រឆាំងនឹងធ្វើអោយខុសពាក្យព្រះ មិនត្រឹមតែប៉ុណ្ណោះធ្វើអោយខ្លួនធ្លាក់នរកទៀតផង។ អ្វីដែលអ្នកកាន់អំណាចនិងអ្នកដឹកនាំពុទ្ធសាសនាជំនាន់នោះគឺបានរាំងខ្ទប់មិនអោយមនុស្សយល់អំពីជីវិតបច្ចុប្បន្នទេ ដោយអោយខ្មែរយើងតែងតែវង្វេងលើអតីតជាតិនិងអនាគតជាតិទៅវិញ ។ ព្រះពុទ្ធក៏សំដៅសំខាន់លើបច្ចុប្បន្នកាលដែរ។ ដោយព្រះអង្គពន្យល់ថាបើអ្នកសាងបាបពេលបច្ចុប្បន្នក៏អាចទទួលក្នុងពេលបច្ចុប្បន្នដែរមិនចាំបាច់ជាតិក្រោយទេ។ ឧទាហរណ៍ជាក់ស្ដែងមានក្នុងប្រវត្តិសាស្ត្រខ្មែរស្រាប់។ ដោយសារតែអវិជ្ជារបស់ប្រជាជនខ្មែរបូករួមទាំងការដឹកនាំអសមត្ថភាពរបស់អ្នកដឹកនាំ ទើបអ្វីទាំងនោះបានហុចផលភ្លាមៗ មិនបាច់ចាំជាតិក្រោយទេ។ យើងមើលឃើញស្រាប់ជនជាតិខ្មែររួញទឹកដីមកដល់សព្វថ្ងៃនេះគឺលទ្ធផលអ្វីទាំងនោះហើយ។ ផ្ទុយទៅវិញយើងឃើញក្នុងសម័យមហានគរព្រះរាជាចេះគិតគូរដល់ប្រជារាស្ត្រដូច្នេះអ្វីទាំងអស់នោះក៏ហុចផលភ្លាមៗមិនចាំបាច់ជាតិក្រោយឡើយ។ ដោយសំអាងលើ ទ្រឹស្ដីបាបបុណ្យ ស្ថានសួគ៌ ស្ថាននរកនេះ ហើយទើបគ្មានប្រជាជនណាម្នាក់ហ៊ានចោទប្រកាន់គេឡើយ ដោយយល់ថានេះជាការកសាងល្អរបស់គេពីជាតិមុនទៅវិញ។
បច្ចុប្បន្នសំរាប់បច្ចុប្បន្ន
[កែប្រែ]គ្រាន់តែនាំគ្នាភ្លេចនិយាយពីកម្មពៀរបច្ចុប្បន្នប៉ុណ្ណេះ ប្រជារាស្ត្រខ្មែរវង្វេងបាត់បង់សតិដេកគិតរង់ចាំសោយកម្មពីបុព្វេជានិច្ច។ បើតាមពុទ្ធដិកា ព្រះអង្គមានបន្ទូលថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ពាក្យសំដីនេះយើងអាចយកដាក់ក្នុងអតីត បច្ចុប្បន្ន និងអនាគតត្រូវដូចគ្នា។ ព្រះពុទ្ធបានត្រាស់ថាមិនមែនអ្វីទាំងអស់សុទ្ធតែបានមកពីអតីតនោះ ទេវាត្រូវរួមផ្សំគ្នានឹងបច្ចុប្បន្ននេះដែលទើបអាចចេញជាផ្លែផ្កាភ្លាមក្នុងជាតិនេះនឹងអាចពូនជាផលបន្តបន្ទាប់ក្នុងពេលអនាគតទៀត។ ព្រះអង្គមិនអោយមនុស្សភ្លេចបច្ចុប្បន្នឡើយហើយព្រះពុទ្ធអោយកសាងបច្ចុប្បន្ន សំរាប់បច្ចុប្បន្នដោយលោកយល់ថា យើងរស់នៅរាល់ថ្ងៃសំខាន់បំផុតគឺបច្ចុប្បន្ន។ ដូច្នេះបើយើងរៀបចំបច្ចុប្បន្នល្អ អនាគតក៏ល្អដូចគ្នាអញ្ជឹងដែរ។ ដូចជាការកសាងអនាគតសង្គមដើម្បីកូនចៅយើងទៅថ្ងៃមុខអញ្ជឹង។ បើយើងធ្វើមិនល្អអនាគតទៅអ្វីដែលយើងធ្វើវានឹងធ្លាក់ទៅកាន់កូនចៅទៅអនាគតយើងដូចអញ្ជឹងដែរ។ មើលតាមក្នុងប្រវត្តិសាស្ត្រយើងអាចដឹងស្រាប់ហើយអំពីភាពជូរចត់នៃប្រវត្តិសាស្ត្រខ្មែរ។ អញ្ជឹងដូចនេះបដិវត្តន៍សតវត្សទី១៤ មិនជាបដិវត្តន៍ទេវាគ្រាន់តែជាការដណ្ដើមអំណាចគ្នាប៉ុណ្ណោះ។ យើងឃើញពុទ្ធសាសនាថេរវាទ វាគ្រាន់តែជាឧបករណ៍នយោបាយរបស់ស្ដេចតែប៉ុណ្ណោះ។ ហើយវាក៏គ្មានលទ្ធផលអ្វីប្រសើរដល់ជាតិនិងរាស្ត្រដែរ។ ដោយយកពុទ្ធសាសនាមកឡូកឡំដូច្នេះទើបធ្វើអោយជាតិដុនដាបវិនាសដល់សព្វថ្ងៃនេះ។ ទិដ្ឋភាពទាំងនេះមិនជាអ្វីដែលថ្មីនោះទេ វាបានបកស្រាយក្នុងរឿងព្រេងនិទានខ្មែរមកជាហូរហែរមកស្រាប់ហើយ។ អ្នកប្រាជ្ញបណ្ឌិតមិនហ៊ាននិយាយអោយចំឡើយគ្រាន់តែលោកបានបញ្ចូលវាទៅក្នុងរឿងនិទានដែលលោកប្រឌិតឡើង។ ការយកសាសនាមកកែក្រឡៃបែបនេះ វាបានជះឥទ្ធិពលអាក្រក់ដល់ប្រជារាស្ត្រទាំងអតីតនិងបច្ចុប្បន្នតទៅអនាគតទៀត។ តែបើយើងប្រើព្រះពុទ្ធសាសនាអោយល្អទៅតាមធម៌ពិតរបស់ព្រះអង្គ ដែលជាធម៌ប្រកបដោយមេត្តាធម៌ ករុណាធម៌នោះប្រទេសជាតិនឹងរីកចំរើន។ ព្រះពុទ្ធបានត្រាស់ថា អ្វីក៏ដោយកើតឡើងពីចិត្តគំនិត បើចិត្តគំនិតល្អស្អាតស្អំនោះអ្វីទាំងនោះ ក៏បានល្អ បើគំនិតនោះមិនស្មោះត្រង់ល្អនោះវាក៏នាំមកក្ដីវិនាសអន្តរាយដូច្នេះដែរ ដូចយើងឃើញស្រាប់ក្នុងហេតុការណ៍ជាច្រើនក្នុងប្រវត្តិសាស្ត្រខ្មែរ។[៣]
បដិវត្តន៍នាយត្រសក់ផ្អែម
[កែប្រែ]ជ័យវរ្ម័នទី១០ជាស្ដេចចុងក្រោយបង្អស់ដែលគេស្គាល់ដោយសិលាចារឹក។ តពីនេះទៅប្រវត្តិសាស្ត្រខ្មែរត្រូវពឹងផ្អែកទៅលើរាជពង្សាវតារដែលជាឯកសារចងក្រងឡើងតែនៅស.វ.ទី១៨-១៩ ហើយដោយសំអាងទៅលើការទន្ទេញចាំមាត់ និងលើអត្ថបទបូរាណខ្លះ ដែលពីដើមគេតំកល់ទុកនៅក្រុងឧដុង្គ។ រាជពង្សាវតារមានច្រើនច្បាប់កត់ត្រាព្រឹត្តិការណ៍ ដោយមានការដំណាលប្លែកៗគ្នា ហើយមានចុះកាលកំណត់ខុសៗគ្នាទៀត។ នេះហើយជាមូលហេតុធ្វើអោយប្រវត្តិវិទូពិបាកសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រោយពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី១០មក។ អាស្រ័យដោយហេតុដូចបានរៀបរាប់រួចមកហើយ អ្នកប្រវត្តិវិទូមានការអល់ឯកយ៉ាងខ្លាំងមិនដឹងថា ត្រូវដាក់ស្ដេចអង្គណាក្នុងរាជពង្សាវតារឱ្យសោយរាជ្យតពីជ័យវរ្ម័នទី១០ដែលគេមិនទាំងដឹងថា បានសោយទិវង្គតនៅឆ្នាំណាផង។ រួចមកហើយ អ្នកប្រវត្តិវិទូភាគច្រើននិយមដាក់នាយត្រសក់ផ្អែមអោយសោយរាជ្យតពីជ័យវរ្ម័នទី១០ ព្រោះឯកសារជាច្រើនបានកត់ត្រាទុកថាបុគ្គលនេះបានឡើងសោយរាជ្យនៅប្រមាណឆ្នាំ១៣៤០។ ចំពោះរឿងនាយត្រសក់ផ្អែមនេះមានដំណាលខុសៗគ្នាទៅតាមក្បួនរាជពង្សាវតារ ប៉ុន្តែរឿងទាំងនោះមានចំណុចស្របគ្នាខ្លះដែលយើងអាចដកស្រង់បានដូចតទៅនេះ៖
១.មានបុរសម្នាក់ដាំត្រសក់មានរសជាតិផ្អែម បានបេះផ្លែត្រសក់ទៅថ្វាយស្ដេចហើយបានទទួលលំពែងសំរាប់ការពារត្រសក់របស់ខ្លួន។
២.បានសំលាប់ស្ដេចដោយអចេតនានៅពេលយប់ ដោយស្មានថាជាចោរមកលួចផ្លែត្រសក់របស់ខ្លួន។
៣.បាននាម៉ឺនសព្វមុខមន្ត្រីមូលមតិគ្នាលើកអោយឡើងសោយរាជ្យ ហើយលើកបុត្រីស្ដេចអោយជាមហេសីទៀតផង។ គួរកត់សំគាល់ថារឿងនាយត្រសក់ផ្អែមនេះមានលំនាំប្រហាក់ប្រហែលនឹងរឿងព្រេងជាប់ទាក់ទងទៅនឹងរាជវង្សភូមាមួយនៅស.វ.ទី១០ ដែលមានសេចក្ដីដំណាលជាសង្ខេបថា៖ នៅ គ.ស.៩៣១ អ្នកដាំត្រសក់ម្នាក់ឈ្មោះញ៉េងអ៊ូសយ៉ៈហាន (Nyaung-u So-rahan) បានឡើងសោយរាជ្យនៅក្រុងបូកាន ក្រោយពីបានធ្វើគត់ស្ដេចឈ្មោះសេងខូ (Singho) ដែលបានលបលួចបេះត្រសក់របស់ខ្លួនក្នុងដំណើរធ្វើប្រមាញ់នៅក្នុងព្រៃហើយដែលខ្លួនពុំបានស្គាល់ថាជាស្ដេចផែនដី។ ម្យ៉ាងទៀតនៅមុនពេលនោះបោះបង់ក្រុងអង្គរ គេឃើញខ្មែរយើងមានប្រើពាក្យ ពញា (ភ្ញៀ) សំរាប់ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យនិងមន្ត្រីជាន់ខ្ពស់ដូចពញាយ៉ាតជាដើម ការអះអាងនេះមិនទាន់ត្រឹមត្រូវទេ (សូមមើលឯកសារសិលាចារឹកសម័យកណ្ដាលរបស់លោក វង់ សុធារ៉ាបន្ថែម)។ គេបានសង្កេតឃើញថា ជនជាតិមនក្នុងបុរាណកាលក៏ធ្លាប់ប្រើពាក្យពញានេះជាឋានន្តរសក្ដិនៃមន្ត្រីជាន់ខ្ពស់ដែរ។ នៅត្រង់នេះ អ្នកប្រវត្តិសាស្ត្របានចោទសួរថា តើរឿងព្រេងនៅស្រុកខ្មែរមានទំនាក់ទំនងយ៉ាងដូចម្ដេចខ្លះជាមួយនឹងរឿងព្រេងនៅប្រទេសភូមា? ហើយកាលខ្មែរប្រើពាក្យ ពញា នៅពេលនោះតើបណ្ដាលមកពីហេតុអ្វីទៅ? ទោះបីពុំទាន់មានចំឡើយណាអោយបានសមរម្យសំរាប់សំណួរទាំងនេះក៏ដោយក៏ យើងអាចប៉ាន់ស្មានថា ប្រហែលធាតុទាំងនោះបាននាំចូលប្រទេសខ្មែរតាមរយៈពុទ្ធសាសនាហីនយានប្រើភាសាបាលី ដែលអ្នកស្រាវជ្រាវយល់ថាបានហូរចូលមកក្នុងជ្រោយសុវណ្ណភូមិភាគខាងលិចមុនគេគឺនៅត្រង់ម្ដុំប្រទេសមន រួចផ្សាយចូលមកតំបន់វាលទំនាបទន្លេមេទឹករួចផ្សាយចូលបន្តមកក្នុងប្រទេសខ្មែរទៀត។ លោកជីវតាក្វាន់ ទូតចិនដែលបានមកទស្សនាក្រុងអង្គរនៅចុងស.វ.ទី១៣ ក៏បានកត់សំគាល់ឃើញថា នៅសម័យនោះមានគេនិយមកាន់ច្រើនគ្នាណាស់ទៅហើយ។ មានអ្នកប្រវត្តិវិទូខ្លះទៀតដូចលោក អាដឺម៉ា-ឡឺឃ្លែរ និងលោក Dauphin Meunier (ដូផ្វាំង-មូញ៉េ) ជាដើម យល់ថាព្រឹត្តិការណ៍នាយត្រសក់ផ្អែមឡើងសោយរាជ្យនៅក្រុងអង្គរនោះជាមហាបដិវត្តន៍មួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបដិវត្តិន៍នោះ គឺជាបដិវត្តិន៍ខាងនយោបាយនិងខាងសាសនា។ តើពិតជាមានបដិវត្តិន៍មែនឬយ៉ាងណា? តើអ្វីខ្លះជាមូលហេតុនៃបដិវត្តិន៍នោះ? យ៉ាងណាមិញ លទ្ធិទេវរាជដែលព្រះបាទជយវម៌្មទី៣បានប្រារព្ធធ្វើជាលើកដំបូងនៅលើភ្នំគូលែននៅឆ្នាំ ៨០២នោះ គឺជាអាវុធមួយយ៉ាងសក្ដិសិទ្ធ ប៉ុន្តែវាក៏ជាអាវុធមុខពីរដែរ បានសេចក្ដីថាវា អោយផលល្អផងអោយផលអាក្រក់ផង។ វាអោយផលល្អត្រង់ថា រាស្ត្រចាត់ទុកជ័យវរ្ម័នទី៣ ជាអាទិទេពមួយអង្គ ដោយបានធ្វើសន្តិភាវូបនីយកម្មបង្រួបបង្រួមជាតិនិងដេញកំចាត់សត្រូវឈ្លានពានអោយចេញពីទឹកដីខ្មែរ ម៉្លោះហើយរាស្ត្រក៏បាក់បបខ្លបខ្លាចព្រះចេស្ដា រួចរួមសាមគ្គីជុំវិញរាជបល្ល័ង្គធ្វើការកសាងជាតិអោយបានដល់ភាពរុងរឿង ត្រចះត្រចង់បំផុត ក្នុងប្រវត្តិសាស្ត្រខ្មែរសមទៅតាមបំណងរបស់ស្ដេច អាទិទេពដែលចង់បង្ហាញអោយរាស្ត្រឃើញថា លោកមានមហិទ្ធិរិទ្ធិពិតប្រាកដមែន។ វាអោយផលអាក្រក់ត្រង់វាតំរូវអោយមានការកសាងប្រាសាទថ្មកាន់តែធំឡើងហើយកាន់តែច្រើនឡើងហើយស្រូបយកនូវកំលាំង ពេលវេលា និងទ្រព្យសម្បត្តិច្រើនពេកពីរាស្ត្រ ដែលនៅទីបំផុតទៅរកតែផ្លូវគេចអោយផុតពីបន្ទុកនៃភាពរុងរឿងរបស់ព្រះមហាក្សត្រខ្លួនហើយរត់ទៅជ្រកក្រោមម្លប់ដ៏ត្រជាក់នៃព្រះពុទ្ធសាសនាថេរវាទដែលប្រៀនប្រដៅអោយមនុស្សលោកលះបង់អ្វីៗទាំងអស់ដើម្បីឈោងចាប់យកនិព្វានជាទីបរមសុខ។ បើតាមពិនិត្យមើលទៅឃើញថាទំនាស់ក្នុងផ្លូវសាសនានេះមានយូរណាស់មកហើយគឺតាំងពីក្នុងរជ្ជកាលឧទយាទិត្យវរ្ម័នទី២ម៉្លេះ (១០៥០-១០៦៦) ដោយនៅពេលនោះ គេឃើញមានការបះបោរបីលើកហើយក្នុងចលនាទាំងនោះ ពួកបះបោរបានវាយកំទេចសិវលិង្គនិងបដិមាផ្សេងៗខាងព្រាហ្មណ៍សាសនាផង។ ឯពុទ្ធសាសនាឃើញថាមានការរីកចំរើនលូតលាស់កាន់តែខ្លាំងជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទធរណេីន្ទ្រវរ្ម័នទី៣ (១១៥៥-?) និងព្រះបាទជ័យវរ្ម័នទី៨ (១១៨១-១២១៨?) រហូតដល់មានប្រតិកម្មយ៉ាងខ្លាំងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៩ ពីសំណាក់អ្នកកាន់សាសនាព្រាហ្មណ៍។ ដូច្នេះយើងឃើញថា វិបត្តិខាងសាសនាកាន់តែរីកធំឡើង ដោយបន្ទាប់ពីនោះមានស្ដេចខ្លះក៏ត្រឡបទៅកាន់ពុទ្ធសាសនាវិញ ហើយជាពុទ្ធសាសនាថេរវាទថែមទៀត ដែលព្រះអង្គម្ចាស់តាមលិន្ទបាននាំចូលស្រុកខ្មែរប្រហែលតាំងពីរជ្ជកាលឥន្ទ្រវរ្ម័នទី២មកម៉្លេះ ហើយក៏មានស្ដេចខ្លះត្រឡប់ទៅកាន់សាសនាព្រាហ្មណ៍វិញដែរ រហូតដល់រជ្ជកាលរបស់នាយត្រសក់ផ្អែម និងកូនចៅរបស់គាត់ដែលសោយរាជ្យតរៀងមក ទើបស្ដេចខ្មែរកាន់ជាប់តែពុទ្ធសាសនារហូតដល់សព្វថ្ងៃ។ ត្រង់នេះហើយជាហេតុនាំអោយអ្នកប្រវត្តិសាស្ត្រខ្លះយល់ថា កាលដែលនាយត្រសក់ផ្អែមធ្វើគត់ស្ដេចហើយបាននាម៉ឺនសព្វមុខមន្ត្រីលើកអោយឡើងសោយរាជ្យ ជាបដិវត្តន៍ដណ្ដើមយកអំណាចនយោបាយ និងអំណាចសាសនាដែលនៅជាប់គ្នា ព្រោះក្នុងសម័យនោះអំណាចទាំងពីរស្ថិតនៅក្នុងការកាន់កាប់ របស់ព្រះមហាក្សត្រទាំងអស់។[៤]
សង្គ្រាមជាមួយសៀម
[កែប្រែ]បន្ទាប់ពីបានក្លាយទៅជាប្រទេសមក ស្ដេចសៀមគ្រប់អង្គតែងមានគំនិតយកទឹកដី និងដាក់ប្រទេសកម្ពុជាជាចំណុះ។ សង្គ្រាមជាមួយសៀមម្ដងៗ មិនត្រឹមតែបំផ្លាញផ្ទះសំបែង ទ្រព្យសម្បត្តិ ផលដំណាំ និងជីវិតប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញសេដ្ឋកិច្ចខ្មែរសល់ឫសគល់ទៀតផង។
ចំបាំងលើកទី២ជាមួយសៀម
[កែប្រែ]ក្រោយពីព្រះបាទត្រសក់ផ្អែមសោយទិវង្គតទៅ បុត្ររបស់ព្រះអង្គព្រះនាមនិព្វានបាទ បានឡើងសោយរាជ្យស្នងពីឆ្នាំ ១៣៤០ ដល់ ១៣៤៦ និងចៅរបស់ព្រះអង្គ (បុត្រព្រះបាទនិព្វានបាទ) ព្រះនាមលំពង្សរាជាបានទទួលរាជសម្បត្តិពីឆ្នាំ ១៣៤៦ ដល់ ១៣៥១។ នៅឆ្នាំ ១៣៥១ ស្ដេចសៀមព្រះនាមរាមាធិបតីក្រោយពីបានតាំងរាជធានីនៅក្រុងអយុធ្យា ហើយក៏បានលើកទ័ពចូលមកវាយខ្មែរ។ តែមុននឹងមកដល់អង្គរទ័ពសៀមត្រូវឧបរាជខ្មែរ (ស្រីសុរិយោទ័យទី១អនុជលំពង្សរាជា) លើកទ័ពទៅស្កាត់វាយបាក់ ទ័ពថយទៅវិញអស់។ ព្រះលំពង្សរាជានឹកស្មានថាសត្រូវពុំអាចធ្វើអ្វីបានទៀតក៏ទ្រង់បញ្ជារំសាយកងទ័ពអោយទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ លុះឮថាសៀមលើកទ័ពចូលមកជាថ្មីម្ដងទៀត ខ្មែរកែនទ័ពមិនទាន់ក៏ដេញរាស្ត្រអោយចូលក្នុងកំពែងមហានគរហើយកែនពលអោយការពារ។ ទ័ពសៀមមកឡោមព័ទ្ធជុំជិតអស់រយៈពេល ១ ឆ្នាំ ៥ ខែ។ ទ័ពជំនួយខ្មែរជាច្រើនបានលើកពីកន្លែងផ្សេងៗតែដោយមកមិន ស្មើគ្នាក៏ត្រូវទទួលបរាជ័យ។ ឯខាងសៀមក៏ចេះតែបញ្ជូនទ័ពមកជាបន្ថែម។ ព្រះលំពង្សរាជាក៏សោយទិវង្គតដោយរោគ។ សៀមវាយលុកចូលកាន់តែខ្លាំង ហើយនៅទីបំផុតមេទ័ពសៀម បាសាត វាយទំលាយបានទ្វារខាងកើត។ ការប្រយុទ្ធគ្នាក៏មានបន្តទៅទៀតនៅក្នុងក្រុង ជាហេតុនាំអោយព្រះឧបរាជ ស្រីសុរិយោទ័យ ក៏សុគតទៅទៀត។ ក្នុងគ្រានោះស្ដេចនិងរាជគ្រូបុរោហិតបាននាំយកគ្រឿងសំរាប់រាជ្យវាយទំលាយទ័ពសៀមរត់រួចចេញទៅ។ ប៉ុន្តែរាជធានីអង្គរត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សៀមនៅឆ្នាំ ១៣៥២។ ក្រោយពីបានអភិសេកបុត្រនាម ចៅបាសាតអោយឡើងសោយរាជ្យនៅក្រុងអង្គរនិងតែងតាំងចៅហ្វាយខែត្រជាតិសៀមអោយត្រួតត្រាខែត្រខ្មែរទាំងឡាយនៅភាគខាងលិច ដែលគេយកបានក្នុងដំណើរវាយលុកចូលក្រុងអង្គរព្រះចៅរាមាធិបតីទ្រង់បានត្រឡប់ទៅក្រុងអយុធ្យាវិញដោយបានកៀររាស្ត្រយកទៅជាឈ្លើយនិងដឹកបញ្ជូនទ្រព្យសម្បត្តិអស់ជាច្រើនទៀតផង។ បុត្ររបស់ព្រះចៅរាមាធិបតីទាំង៣គឺ បាសាត បាអាត និងកំបង់ពិសីបានឡើងសោយរាជ្យជាបន្តបន្ទាប់នៅក្រុងអង្គរពីឆ្នាំ ១៣៥២ ដល់ ១៣៥៧។ ពេលនោះព្រះសុរិយោវង្សអនុជព្រះលំពង្សរាជាដែលបានភៀសព្រះអង្គទៅប្រទេសលាវ លានជាង នោះបានលើកទ័ពមកវាយយកបាន ក្រុងអង្គរនៅឆ្នាំ ១៣៥៧។ ចៅកំបង់ពិសីត្រូវសុគតក្នុងសង្គ្រាម។ បន្ទាប់មកខ្មែរក៏បានវាយកំចាត់សៀមអោយចេញផុតពី នគររាជសីមានៅទិសពាយព្យនិង បស្ចឹមនៅទិសនិរតី។ ព្រះបាទស្រីសុរិយោវង្សបានសោយទិវង្គតនៅឆ្នាំ ១៣៦៣ ដោយរោគា។ ក្មួយរបស់ព្រះអង្គព្រះនាមបរមរាមាបានឡើងសោយរាជ្យស្នងពីឆ្នាំ ១៣៦៣ ដល់ ១៣៧៣។ ព្រះអង្គបានចងស្ពានមេត្រីជាមួយព្រះចៅហុងអ៊ូនៃរាជវង្សមិង។ ឯជនជាតិសៀមក៏ពុំបានមកឈ្លានពានខ្មែរទៀតទេ ដោយជាប់ដៃក្នុងការប្រយុទ្ធជាមួយក្សត្របុរីជាច្រើននៅខាងជើងក្រុងអយុធ្យា។[៥]
ចំបាំងលើកទី៣ជាមួយសៀម
[កែប្រែ]ស្ដេចដែលឡើងសោយរាជ្យនៅឆ្នាំ ១៣៧៣ គឺព្រះបាទធម្មាសោកជាព្រះអនុជព្រះបរមរាមា។ គ្រានោះ នៅប្រទេសសៀមស្ដេចរាមេសូរបានឡើងសោយរាជ្យ ហើយក៏បន្តនយោបាយពង្វាតទឹកដីរបស់រាមាធិបតីមកលើទឹកដីខ្មែរ។ ក្រុងអង្គរត្រូវឡោមព័ទ្ធសាជាថ្មីអស់រយៈពេល ៧ ខែ (ពីខែមិគសិរ ដល់ ខែជេស្ឋ)។ ដោយឃើញថាមិនអាចប្រយុទ្ធយកជ័យជំនះលើខ្មែរដោយកំលាំងអាវុធបាន ទើបសៀមប្រើឧបាយកលម្ដងវិញ។ ទាហានសៀមចំនួន ១៥ នាក់ បានធ្វើកលសុំចុះចូលខាងខ្មែរដោយយកលេសថា ស្ដេចសៀមធ្វើបាបខ្លួនខ្លាំងពេក ព្រោះតែខ្លួនច្បាំងមិនឈ្នះខ្មែរ។ នៅទីបំផុតពួកនេះបានរកមធ្យោបាយបើកទ្វារខាងលិចបាន។ ក្រុងអង្គរក៏ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមជាលើកទី២ (១៣៩៣)។ ឯព្រះបាទធម្មាសោកក៏បានសោយទិវង្គតនៅពេលដែលសៀមហ៊ុំព័ទ្ធក្រុងអង្គរនោះទៅ។ ព្រះចៅសៀមបានអភិសេកបុត្រឈ្មោះពញាព្រែក អោយឡើងសោយរាជ្យនៅឆ្នាំ ១៣៩៤ (ឥន្ទរាជា) រួចដឹកជញ្ជូនទ្រព្យសម្បត្តិនិងកៀរឈ្លើយខ្មែរ ៧០០០០ នាក់ ត្រលប់ទៅក្រុងអយុធ្យាវិញ។ គ្រានោះ ពញាយ៉ាតជាបុត្រសុរិយោវង្សបានរត់រួច ហើយទៅកែនទ័ពតាំងមូលដ្ឋាននៅទួលបាសាន្ត។ ចលនារំដោះជាតិដឹកនាំដោយស្ដេចអង្គនេះមានការរីកចំរើនឆាប់រហ័សណាស់។ តែប្រាំខែក្រោយមកទ័ពខ្មែរមានសមត្ថភាពអាចលើកមកវាយរំដោះយកបានក្រុងអង្គរវិញ។ តែមុននឹងទ័ពធំចូលមកដល់ពញាយ៉ាតបានបញ្ជាអោយទាហានស្ម័គ្រចិត្ត ១២ នាក់ធ្វើកលទៅសុំចុះចូលជាមួយនឹងស្ដេចសៀម ហើយដកអាវុធធ្វើគត់ស្ដេចសៀមនៅនឹងកន្លែងតែម្ដង។ លុះវាយរំដោះបានរាជធានីហើយពញាយ៉ាតក៏យកស្រីសៀមឈ្មោះស៊ីសាងាម ជាប្អូនជីដូនមួយរបស់ស្ដេចសៀមធ្វើជាស្នំឯកហើយឡើងសោយរាជ្យនៅក្រុងអង្គរជាសុខសាន្តរៀងមកដោយមានមរណនាមថា រាជឱង្ការ ព្រះបរមរាជាធិរាជ ។[៦]
កំហូចប្រព័ន្ធធារាសាស្ត្រ
[កែប្រែ]នៅជុំវិញទីក្រុងអង្គរ ប្រព័ន្ធធារាសាស្ត្រជានយោបាយយុទ្ធសាស្ត្រមួយដ៏សំខាន់សំរាប់យកទឹកមកប្រើប្រាស់ក្នុងទីក្រុង និងស្រោចស្រពដីស្រែរាប់ម៉ឺនហិចតា។ ក្រោយសង្គ្រាមជាមួយសៀម បារាយណ៍ទាំងនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើរគ្មានសល់។ ផ្សេងពីនេះ គ្រោះធម្មជាតិបានធ្វើឲ្យប្រព័ន្ធធារាសាស្ត្រខ្មែរខូចខាតមិនអាចជួសជុលបាន។
ការបាត់បង់កំលាំងពលកម្មនៃប្រជាករ
[កែប្រែ]សម័យមហានគរ កម្ពុជាមានប្រជាជនប្រហែល ២០ លាននាក់។ ក្រុងអង្គររឹងមាំដោយសារប្រជាជនបណ្ដាខែត្រខាងលិច និងខាងជើងច្រើនកុះករ និងអំណោយផលនៃកសិកម្មទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នៅជុំវិញក្រុងអង្គរ ប្រជាជនប្រកបរបរផ្សេងៗ មាន កសិកម្ម សិប្បកម្ម នេសាទ បរបាញ់ ប្រមូលរុក្ខផលព្រៃឈើ ជ័រ វល្លិ ...។ ប្រជាជនភាគច្រើនធូរធារ និងមានសុខភាពមាំមួន។ ក្រោយសង្គ្រាមសៀមឈ្លានពាន ដែនដីខាងលិច និងខាងជើងរបស់យើង ត្រូវបាត់បង់ជាមួយប្រជាជនរាប់លាននាក់។ ប្រជាជនដែលសេសសល់ ត្រូវទទួលរងគ្រោះទុរភិក្ស និងជំងឺឆ្លង។ ជុំវិញទីក្រុងអង្គរ និងបណ្ដាខែត្រជិតៗនោះ ក្លាយទៅជាតំបន់រហោស្ថានស្ងាត់ជ្រងំ ដោយសាររោគរាតត្បាត និងគ្រោះទុរ្ភិក្ស ដែលបណ្ដាលពីទឹកជំនន់ និងការរាំងស្ងួត។
ចំណាកចំណោលអង្គរ
[កែប្រែ]ចំណាកចំណោលអង្គរ កើតឡើងក្រោយពីយកជ័យជំនះបានលើពួកសៀមឈ្លានពាន។ ពេលពួកសៀមដកថយទៅ ទីក្រុងអង្គរគ្មានសេសសល់អ្វីទេ សម្បត្តិទ្រព្យដែលមានទាំងប៉ុន្មាន ត្រូវពួកសៀមប្រមូលយកអស់។ ប្រជារាស្ត្រអង្គរត្រូវសៀមកៀរយកអស់ជាច្រើន។ ខ្លះក៏ភៀសខ្លួនមកភាគខាងត្បូង ណាមួយព្រោះតែសង្គ្រាមច្រើនលើកពេកធ្វើអោយមនុស្សតិចពេកពិបាកការពាររាជធានីផង។ នៅឆ្នាំ ១៤៣១ ដោយចេះតែរអែងខ្លាចសៀមចូលលុកលុយប្រទេសខ្មែរទៀតព្រះបាទស្រីសុរិយោពណ៌ទី២ក៏បានសំរេចព្រះទ័យលើករាជធានីចេញឆ្ងាយពីអង្គរ។ ការបោះបង់ទីក្រុងចាស់ ទៅនៅតំបន់ភូមិភាគខាងត្បូងនៃប្រទេស គឺជាការកសាងជីវភាពថ្មីនៃជនជាតិខ្មែរ ក្រោមការដឹកនាំនៃព្រះបាទស្រីសុរិយោពណ៌ទី២។ ដោយសារតែពេលនោះក្រុងអង្គរនៅចំងាយប្រហែល ៤០០ គ.ម ពីក្រុងអយុធ្យា។ ភូមិភាគខាងត្បូងនៃរាជាណាចក្រកម្ពុជា ពុំបានរងគ្រោះដោយសង្គ្រាមឈ្លានពានពីពួកសៀមទេ។ តំបន់នេះបានផ្ដល់កំលាំងកាយចិត្ត ស្បៀងដល់កងទ័ពរបស់ព្រះបាទស្រីសុរិយោពណ៌ទី២ក្នុងសម័យរំដោះប្រទេសពីពួកសៀមឈ្លានពាន។ ក្រោយពីបានប្រឹក្សាសួរយោបល់ពីនាម៉ឺនសព្វមុខមន្ត្រីហើយ ព្រះបាទស្រីសុរិយោពណ៌ទី២ក៏ទ្រង់បញ្ជាអោយលើករាជធានីទៅតាំងនៅ ទួលបាសាន្តក្នុងខែត្រស្រីសឈរវិញ។ តែដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បញ្ជាអោយលើករាជធានីពីទួលបាសាន្តទៅតាំងនៅ ភ្នំដូនពេញ ចតុមុខវិញ។[៧]
សូមមើលផងដែរ
[កែប្រែ]ឯកសារពិគ្រោះ
[កែប្រែ]- សៀវភៅសិក្សាសង្គមថ្នាក់ទី៧ ក្រសួងអប់រំឆ្នាំ១៩៩៧
- ↑ បណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរទំ.២៤៧-២៤៨
- ↑ បណ្ឌិតសុភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរទំ.២៤៨
- ↑ បណ្ឌិតសុភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរទំ.២៤៩-២៥២
- ↑ ប្រវត្តិសាស្ត្រខ្មែរទំព័រ១០៣-១០៥ ដោយលោក ត្រឹង ងារ
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំ.១០៥-១០៦
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំ.១០៦-១០៧
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ១០៧