វៀតមិញ
វៀតមិញ (ភាសាវៀតណាម៖ Việt Minh, មានឈ្មោះពេញថា "Việt Nam độc lập đồng minh", ភាសាខ្មែរ៖ សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម, ជាបារាំង៖ "Ligue pour l'indépendance du Viêt Nam") គឺឈ្មោះសម្តៅលើចលនាតស៊ូរបស់វៀតណាមខាងជើង (កុម្មុយនិស្ត) ប្រឆាំងនឹងពួកអាណានិគមបារាំង និងជប៉ុន។[១] វៀតមិញត្រូវបានបង្កើតឡើងដោយលោកហូ ជីមិញនៅឯភូមិប៉ាកបូ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៤១។[២] នៅពេលដែលជប៉ុនបានចុះមកកាន់កាប់ភូមិភាគឥណ្ឌូចិន ក្រុមវៀតមិញបាននាំគ្នារើបម្រះបះបោរប្រឆាំងយ៉ាងសកម្មដោយទទួលបានជំនួយពីសហរដ្ឋអាមេរិក និងសាធារណរដ្ឋចិន។ នៅក្រោយសង្គ្រាមលោកលើកទី២ វៀតមិញបានបន្តប្រឆាំងនឹងបារាំងតទៅទៀតរហូតទាល់តែទទួលឯករាជ្យ បន្ទាប់ពីទទួលបានឯករាជ្យពីបារាំង វៀតមិញក៏នូវតែបន្តយុទ្ធនាការខ្លួនតទៅមុខទៀតដោយលើកនេះគឺប្រឆាំងនឹងវៀតណាមខាងត្បូងហើយនិងសហរដ្ឋអាមេរិក។ អ្នកដែលស្ថាបនាចលនាតស៊ូមួយនេះគឺលោកហូ ជីមិញ, លោកឡេ ដួអាន និងលោកផាំ វ៉ាន់ដុង។
'វៀតមិញ'នេះត្រូវបានបក្សកុម្មុយនិស្តយួនចាត់ទុកជារណសិរ្សរួបរួមជាតិមួយដើម្បីដណ្តើមឯករាជ្យភាពរបស់វៀតណាមពីបារាំង ពួកវាក៏មានឈ្មោះមួយទៀតសម្គាល់ឱ្យចលនានេះដែរហៅថា"រណសិរ្សរួបរួមឯករាជ្យវៀតមិញ"។[៣]
សង្គ្រាមលោកលើកទី២
[កែប្រែ]ក្នុងសង្គ្រាមលោកលើកទី២, ជប៉ុនបានចុះមកដណ្តើមដែនដីឥណ្ឌូចិនពីបារាំង។ ដូច្នេះហើយ វៀតមិញក៏បានចាប់ផ្តើមនូវយុទ្ធនាការថ្មីមួយទៀតប្រឆាំងនឹងការត្រួតត្រារបស់ជប៉ុន។ ដល់ចុងឆ្នាំ១៩៤៤, វៀតមិញបានអះអាងថាចលនាខ្លួនមានសមាជិកសរុបចំនួន ៥០០,០០០ នាក់ដោយក្នុងនោះ ២០០,០០០ នាក់មាននៅតំបន់តុងកឹង (វៀតណាមខាងជើង) ១៥០,០០០ នាក់នៅតំបន់អណ្ណាម (វៀតណាមកណ្តាល) និង ១៥០,០០០ នាក់នៅតំបន់កូសាំងស៊ីន (វៀតណាមខាងត្បូង)។ ក្រោយពីបានប្រកាសថាខ្លួនប្រឆាំងនឹងជប៉ុន ពួកវៀតមិញក៏ត្រូវបានទទួលជំនួយពីក្រុមសម្ព័ន្ធមិត្តដូចជាសហរដ្ឋអាមេរិក សហភាពសូវៀត និងសាធារណរដ្ឋចិន។ ពេលដែលជប៉ុនបានចុះចាញ់សង្គ្រាមលោកលើកទី២ នៅខែសីហា ឆ្នាំ១៩៤៥, មុនពេលចាកចេញពីឥណ្ឌូចិន ទាហានជប៉ុនបានប្រគល់អគារសាធារណៈនិងអាវុធមួយចំនួនធំដែលត្រូវជាកម្មសឹទ្ធរបស់បារាំងទៅឱ្យពួកវៀតមិញ។ កាលនៅក្រោមការកាន់កាប់របស់ជប៉ុន ពួកវៀតមិញបានកេណ្ឌពោលទាហានជប៉ុនជាង ៦០០ នាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងបារាំងរហូតដល់ឆ្នាំ១៩៤៥។ បន្ទាប់ពីអង្គការជាតិនិយមបានប្រកាសពីឯករាជ្យភាពរបស់វៀតណាមពីបារាំង ហូ ជីមិញក៏បានប្រកាសឡើងពីអត្ថិភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។
សង្គ្រាមឥណ្ឌូចិនលើកទី១
[កែប្រែ]រយៈពេលពីរបីថ្ងៃក្រោយ កងទ័ពជាតិនិយមនៃសាធារណរដ្ឋចិន (គួមីងតាង) បានចូលមកក្នុងប្រទេសវៀតណាមដើម្បីពិនិត្យមើលការធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពជប៉ុន។ កាលនោះសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមគ្រាន់តែមានជាឈ្មោះប៉ុណ្ណោះ ពួកគេគ្មានការគ្រប់គ្រងលើដែនដីអ្វីនោះទេ។ ប៉ុន្មានខែក្រោយមក ពួកចិន (គួមីងតាង) វៀតណាម (វៀតមិញ) និងបារាំងបានឈានចូលដល់ការយល់ព្រមព្រៀងគ្នាដោយពួកបារាំងបានយល់ស្របថានឹងដកឥទ្ធិពលរបស់ខ្លួនចេញពីប្រទេសចិន, ពួកវៀតមិញបានទទួលស្គាល់ពីការវិលត្រឡប់មកវិញនៃពួកអាណានិគមបារាំងដោយមានកិច្ចសន្យាមួយបានបញ្ជាក់ថានឹងផ្តល់សឹទ្ធអំណាចដល់ក្រុមវៀតមិញនៅពេលប្រទេសវៀតណាមទទួលបានឯករាជ្យ និងចំណែកពួកចិនវិញបានយល់ព្រមដកទ័ពខ្លួនចេញពីប្រទេសវៀតណាម។ កិច្ចចរចាគ្នារវាងពួកវៀតមិញនិងបារាំងបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងដែលជាលទ្ធផលបាននាំឱ្យផ្ទុះសង្គ្រាមជាច្រើនឆ្នាំជាមួយនឹងបារាំងដែលគេច្រើនស្គាល់ថាសង្គ្រាមឥណ្ឌូចិនលើកទី១។
ពួកវៀតមិញដែលមិនសូវមានចំណេះដឹងនិងបទពិសោធន៍ខាងយោធាទំនើបបានទៅបង្កើតសាលាបង្ហាត់បង្រៀនក្បួនយោធាមួយនៅខែមិថុនា ឆ្នាំ១៩៤៦ ក្នុងខេតុក្វាងងៃ។ ជនជាតិវៀតណាមប្រមាណជាង ៤០០ នាក់ត្រូវបានបង្ហាត់បង្រៀនបណ្តុះបណ្តាលដោយពលទាហានជប៉ុនដែលបានរត់ចោលជួរកាលពីសង្គ្រាមលោកលើកទី២។ យូរៗទៅ សិស្សខ្លះក៏បានក្លាយជាមេបញ្ជាការឧត្តមសេនីយ៍ខាងកុម្មុយនិស្តវៀតណាមប្រយុទ្ធប្រឆាំងនឹងអាមេរិកក្នុងសង្គ្រាមវៀតណាម។
ឧត្តមសេនីយ៍បារាំងឈ្មោះហ្សង់ អ៊ីធាន វ៉ាលុយជាមួយនឹងកងកម្លាំងលោកបានវាយពួកវៀតមិញចេញពីទីក្រុងហាណូយភ្លាមៗ។ កងកម្លាំងប្រដាប់អាវុធរបស់លោកបានប្រយុទ្ធជាមួយនឹងក្រុមវៀតមិញតូចៗនៅពាសពេញទីក្រុងហាណូយ។ ក្រោយមក កងកម្លាំងលោកក៏បានឡោមព័ទ្ធវៀតបាកដែលជាមូលដ្ឋានទ័ពរបស់វៀតមិញក្នុងឆ្នាំ១៩៤៧ ប៉ុន្តែទាហានលោកត្រូវបានបរាជ័យក្នុងការវាយយកមូលដ្ឋាននោះហើយក៏ត្រូវដកថយចេញវិញព្រោះមិនអាចយកឈ្នះលើទាហានវៀតមិញក្នុងមូលដ្ឋាននោះបាន។ យុទ្ធនាការរបស់បារាំងត្រូវបានពួកវៀតមិញបំបែកបាន គេគ្រប់គ្នាគឺនឹកស្មានមិនដល់ថាពួកវៀតមិញអាចយកឈ្នះទៅលើកងកម្លាំងទាហានបារាំងដែលបំពាក់ដោយអាវុធយោធាល្អៗបានដោយងាយអញ្ចឹងសោះ។
ក្រុមវៀតមិញបានបន្តប្រយុទ្ធជាមួយនឹងបារាំងរហូតដល់ឆ្នាំ១៩៤៩ នៅពេលដែលពួកគេបានគ្រប់គ្រងលើព្រំដែនវៀតណាម-ចិន។ ដោយឃើញដូចនេះ រដ្ឋតែទើបនឹងលេចឡើងថ្មីៗគឺសាធារណរដ្ឋប្រជាមានិតចិនដែលដឹកនាំដោយពួកកុម្មុយនិស្តចិនបានផ្តល់ទីជម្រកនិងគ្រឿងសព្វាវុធធ្ងន់ៗទៅឱ្យវៀតមិញដើម្បីបន្តប្រយុទ្ធនឹងបារាំង។ ដោយមានជំនួយពីចិនដូច្នេះ ពួកវៀតមិញអាចវាយយកបានតំបន់ជនបទជាច្រើនពីបារាំង។ មិនយូរប៉ុន្មាន ពួកវៀតមិញបានបន្តវាយយកតំបន់សំខាន់ៗបន្ថែមដែលធ្លាប់កាន់កាប់ដោយរដ្ឋាភិបាលបារាំងដូចជាទីប្រជុំជនជាដើម។
ការលេចរូបរាងឡើងនៃវៀតណាមខាងជើង
[កែប្រែ]បន្ទាប់ពីបារាំងបានទទួលបរាជ័យម្តងទៀតនៅក្នុងសមរភូមិឌៀនបៀនភូ ពួកគេក៏ចាប់ផ្តើមធ្វើការចរចាជាមួយវៀតមិញដើម្បីបញ្ចប់សង្គ្រាម។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពដែលធ្វើឡើងនៅក្នុងសន្និសីទក្រុងហ្សឺណែវនៅទីក្រុងហ្សឺណែវ, ប្រទេសស្វីស បានបែងចែកវៀតណាមទៅជាពីរប្រទេសគឺវៀតណាមខាងជើងនិងវៀតណាមខាងត្បូងនៅត្រង់ខ្សែស្របទី១៧ ជាបណ្តោះអាសន្នសិនមុនពេលដែលការបោះឆ្នោតបង្រួបបង្រួមប្រទេសអាចប្រព្រឹត្តិធ្វើឡើងបានក្នុងឆ្នាំ១៩៥៦។ ការផ្ទេររដ្ឋបាលរបស់វៀតណាមខាងជើងទៅឱ្យពួកវៀតមិញត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៥៤។ ហូ ជីមិញត្រូវបានគេតែងតាំងជានាយករដ្ឋមន្រ្តីនៃវៀតណាមខាងជើងហើយប្រទេសលោកត្រូវបានដើរតួជារដ្ឋសង្គមនិយម។ លោកង៉ូ ឌិនយៀមដែលពីមុនត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃវៀតណាមខាងត្បូងដោយព្រះចៅអធិរាជបាវ ដាយ នៅទីបំផុតក៏បានកាន់កាប់វៀតណាមខាងត្បូងទាំងស្រុង។
កិច្ចព្រមព្រៀងក្រុងហ្សឺណែវបានសន្យាថានឹងមានការបោះឆ្នោតនៅឆ្នាំ១៩៥៦ ដើម្បីកំណត់រដ្ឋាភិបាលជាតិតែមួយសម្រាប់ប្រទេសវៀតណាមរួម។ ទាំងរដ្ឋាភិបាលអាមេរិកនិងរដ្ឋាភិបាលវៀតណាមខាងត្បូងរបស់ង៉ូ ឌិនយៀម មិនបានចុះលើកិច្ចព្រមព្រៀងអ្វីទាំងអស់នៅក្នុងសន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤។ ទាក់ទងនឹងសំណួរនៃការបង្រួបបង្រួមប្រទេសវៀតណាម គណៈប្រតិភូវៀតណាម (មិនមែនកុម្មុយនិស្ត) បានជំទាស់យ៉ាងខ្លាំងចំពោះការបែងចែកណាមួយនៃប្រទេសវៀតណាមប៉ុន្តែត្រូវបានចាញ់គេនៅពេលដែលបារាំងបានទទួលយកសំណើរបស់ប្រតិភូវៀតមិញគឺលោកផាំ វ៉ាន់ដុង,[៤] ដែលបានស្នើថា ប្រទេសវៀតណាមនឹងរួបរួមគ្នាវិញដោយធ្វើការបោះឆ្នោតក្រោមការត្រួតពិនិត្យរបស់"គណៈកម្មាធិការមូលដ្ឋាន"។[៥] សហរដ្ឋអាមេរិកក៏បានប្រឆាំងនឹងសំណើនោះជាមួយនឹងសំណើរបស់ពួកគេហៅថា"ផែនការអាមេរិក" ដែលមានការគាំទ្រពីវៀតណាមខាងត្បូងនិងចក្រភពអង់គ្លេស។[៦] សំណើ"ផែនការអាមេរិក"បានយល់ឱ្យដឹងថានឹងមានការបោះឆ្នោតបង្រួបបង្រួមក្រោមការត្រួតពិនិត្យពីអង្គការសហប្រជាជាតិ ប៉ុន្តែសំណើនេះត្រូវបានបដិសេដដោយគណៈប្រតិភូសូវៀត។[៦] ពីគេហដ្ឋានរបស់ព្រះអង្គនៅបារាំង ព្រះចៅអធិរាជយួនគឺបាវ ដាយបានតែងតាំងលោកង៉ូ ឌិនយៀមជានាយករដ្ឋមន្រ្តីនៃវៀតណាមខាងត្បូង។ ដោយមានជំនួយពីសហរដ្ឋអាមេរិកនៅឆ្នាំ១៩៥៥ យៀមបានប្រើប្រជាមតិមួយដើម្បីដកអតីតអធិរាជចោលហើយក៏ប្រកាសខ្លួនជាប្រធានាធិបតីយនៃសាធារណរដ្ឋយួន។
នៅពេលដែលការបោះឆ្នោតមិនបានសម្រេចកើតឡើងបាន កម្មាភិបាលវៀតមិញដែលនៅវៀតណាមខាងត្បូងបានងើបបះបោរនិងប្រយុទ្ធប្រឆាំងជាមួយនឹងរដ្ឋាភិបាលវៀតណាមខាងត្បូង។ វៀតណាមខាងជើងក៏បានចូលកាន់កាប់ផ្នែកខ្លះនៃប្រទេសឡាវដើម្បីបង្កើតជាផ្លូវឆ្លងទៅជួយផ្គត់ផ្គងរណសិរ្សរំដោះជាតិ (វៀតកុង) នៅក្នុងទឹកដីវៀតណាមខាងត្បូង។ យូរៗទៅសង្គ្រាមនេះបានប្រែក្លាយទៅជាសង្គ្រាមឥណ្ឌូចិនលើកទី២ ដែលគេបានស្គាល់ជាទូទៅថា"សង្គ្រាមវៀតណាម"។
ខ្មែរវៀតមិញ
[កែប្រែ]ពួកខ្មែរវៀតមិញគឺជាកម្មាភិបាលកុម្មុយនិស្តខ្មែរដែលមានចំនួនពី ៣,០០០ នាក់ទៅ ៥,០០០ នាក់និងជាសមាជិកឆ្វេងនិយមនៃចលនាខ្មែរឥស្សរៈ។ ក្រោយឆ្នាំ១៩៥០ ពួកគេបានប្រមូលជាគ្នាម្តងទៀតនៅក្នុងសមាគមខ្មែរឥស្សរៈ សមាជិកខ្មែរវៀតមិញភាគច្រើនបានទៅរស់នៅក្នុងវៀតណាមខាងជើងបន្ទាប់ពីសន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤ បានបញ្ចប់។ 'ខ្មែរវៀតមិញ' គឺជាពាក្យប្រមាថមួយដែលប្រើដោយសម្តេចនរោត្ដម សីហនុបន្ទាប់ពីទ្រង់បានដឹងថាចលនាឯករាជ្យអ្នកទាំងនោះត្រូវបានទទួលការគាំទ្រនិងជំនួយពីកុម្មុយនិស្តនវៀតណាម។[៧] ការរិះគុណនិងការចំអករបស់សីហនុចំពោះក្រុមខ្មែរវៀតមិញបានធ្វើឱ្យមានការកើននូវឥទ្ធិពលប្រឆាំងនឹងយួន ប៉ុន្តែវាក៏បង្កើនឱ្យមានការប្រឆាំងនឹងរាជានិយមផងដែរ ជាពិសេសពីសមាជិកបក្សកុម្មុយនិស្តកម្ពុជា (បកក) ដែលដឹកនាំដោយប៉ុល-ពត។[៨]
ពួកខ្មែរវៀតមិញក៏ជាជំនួយដ៏សំខាន់ដែរក្នុងការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា (FUNSK) នៅក្នុងឆ្នាំ១៩៧៨។ រណសិរ្សនេះបានរួមដៃជាមួយយួនហើយវាយចូលក្នុងប្រទេសកម្ពុជាដើម្បីផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល-ពត។ ក្នុងអំឡុងពេលរស់នៅក្នុងប្រទេសវៀតណាម ខ្មែរវៀតមិញជាច្រើនបានរៀបមង្គលការជាមួយស្រ្តីយួន។[៩]
សូមមើលផង
[កែប្រែ]- វៀតកុង
- ប៉ៈថេតលាវ
- ប្រវត្តិសាស្ត្រយួន
- បដិវត្តន៍ខែសីហា
- គណបក្សកុម្មុយនិស្តយួន
- ប្រវត្តិសាស្រ្តនៃបក្សកុម្មុយនិស្តវៀតណាម
ឯកសារយោង
[កែប្រែ]- ↑ H., Hunt, Michael. The world transformed : 1945 to the present. pp. 124. ល.ស.ប.អ. 9780199371020. ម.ប.គ.ល. 907585907. https://www.worldcat.org/oclc/907585907.
- ↑ NGUYEN, Sai D. "The National Flag of Viet Nam" (PDF). Vpac-usa.org. pp. 212–3. Archived from the original (PDF) on 12 May 2005. Retrieved 4 January 2015.
- ↑ Việt Nam, Hội Khuyến học (17 November 2011). "Mặt trận Tổ quốc Việt Nam: Chặng đường 80 năm vẻ vang". http://dantri.com.vn.
{{cite web}}
: External link in
(help)|website=
- ↑ The Pentagon Papers (1971), Beacon Press, vol. 3, p. 134.
- ↑ The Pentagon Papers (1971), Beacon Press, vol. 3, p. 119.
- ↑ ៦,០ ៦,១ The Pentagon Papers (1971), Beacon Press, vol. 3, p. 140.
- ↑ "Library of Congress / Federal Research Division / Country Studies / Area Handbook Series / Cambodia / Appendix B". Lcweb2.loc.gov. Retrieved 4 January 2015.
- ↑ Ben Kiernan. How Pol Pot came to power, Yale University Press, 2004, p.227
- ↑ Margaret Slocomb, The People's Republic of Kampuchea, 1979-1989: The revolution after Pol Pot ISBN 978-974-9575-34-5
- Collection of Official Documents on Vietnam History Archived 2012-08-13 at the វេយប៊ែខ ម៉ាស៊ីន.
- Vietnamese Declaration of Independence Archived 2006-02-11 at the វេយប៊ែខ ម៉ាស៊ីន.